១-ប្រភេទតន្ដ្រីអារក្ស
មុននិងទទួលឥទ្ធិពលព្រហ្មញ្ញសាសនា
និងពុទ្ធសាសនា ពីស្រុកក្លិង្គ ខ្មែរមានជំនឿតាមបែបបរមបូរាណពីដូនតាមួយ គឺជឿលើព្រលឹង
ជឿលើធម្មជាតិ មានទឹក ដី ភ្លើង ខ្យល់ ខ្មោច អារក្ស អ្នកតាជាដើម ។ គេយល់ថា
សេចក្ដីសុខឬទុក្ខអាស្រ័យលើអ្នកទាំងនោះ ជាអ្នកសម្រេច ឱ្យ ។ គេត្រូវទទួលទុក្ខទោសនៅពេលអ្នកទាំងនោះខឹងទាស់ចិត្ត
។ ដើម្បជាការអង្វរករសុំអនុគ្រោះទោស គេត្រូវរៀបពិធីសែនព្រេន និងលេងភ្លេងថ្វាយ ។ វង់តន្ដ្រីសម្រាប់លេងថ្វាយនេះមានឈ្មោះថា
‹វង់តន្ដ្រីអារក្ស› ។អារក្ខ ឬអារក្សមានន័យថា អ្នកកាន់កាប់ថែរក្សា ។
នៅពេលមានអ្នកជម្ងឺគេលេងភ្លេងនេះ ដើម្បីបញ្ចូលខ្មោច ដែលមានឬទ្ធិអំណាចមកសាកសួរ
និងអង្វរករឱ្យជួយអ្នកជម្ងឺ ។ ប៉ុន្ដែជារៀងរាល់ឆ្នាំ
ក៏គេត្រូវលេងតន្ដ្រីប្រភេទនេះដែរ ដើម្បីថ្វាយដល់អ្នកទាំងនោះឱ្យមកលេងសប្បាយ
និងលៀងភោជនាហារដែលគេហៅថា ‹ឡើងរោង› ឬ‹លៀងអារក្ខ› ។ដើម្បីជាការដឹងគុណ
និងឱ្យអាណិតមេត្តា ជួយថែរក្សាដល់គេជានិច្ចផង ។ មានបទជាច្រើនដែលខ្មែរបានតែងឡើង សម្រាប់តម្រូវចិត្តខ្មោចម្នាក់ៗ
។ គេច្រៀងបញ្ចើចបញ្ចើដើម្បីគាប់ចិត្តខ្មោច ប៉ុន្ដែខ្មោចខ្លះចូលចិត្តបែបឡែបខាយ
ក្នុងផ្លូវស្នេហាស៊ីជម្រៅក៏មាន ។

No comments: